គ្មានកុមារណាម្នាក់ត្រូវបានបដិសេធឡើយ៖ រយៈពេល ២៩ឆ្នាំ ហើយនៅតែបន្តបេសកកម្មយ៉ាងរឹងមាំ
នៅក្រោមអាកាសធាតុដ៏កក់ក្តៅ កុមារា កុមារីបានដើរលេងពេញបរិវេណនៃអង្គការសាលាទន្សាយ។ ខ្លះកំពុងលេងជាមួយមិត្តរួមតុក្នុងថ្នាក់រៀន ខ្លះកំពុងរត់លេងនៅទីធ្លា ខ្លះទៀតនៅអាហារដ្ឋាន ខណៈខ្លះទៀតកំពុងអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់នៅតាមជ្រុងនៃថ្នាក់រៀនរបស់ពួកគេ។
នៅពេលអ្នកដើរតាមច្រករបៀង ដែលមានក្មេងៗរត់ដេញប្រឡែងគ្នាឆ្លងកាត់អ្នក អ្នកច្បាស់ជាបានឮសំឡេងដ៏ខ្លាំង និងមានអំណាចមួយ ដែលអ្នកមិនអាចច្រឡំជាមួយអ្នកផ្សេងបានឡើយថា៖ «ក្មួយៗ កុំរត់លឿនពេក!»។
ជាមួយនឹងក្រែមលាបមាត់ពណ៌ស៊ីជម្ពូលាយស្វាយ ស្បែកស្រអែម សក់ពណ៌ត្នោតលាយស្កូវបន្តិចបន្តួច និងមានរូបរាងធាត់បន្តិច កំពុងដើរតាមច្រករបៀង អ្នកស្រី ញ៉ែម ណាវី បានបង្រៀននៅអង្គការសាលាទន្សាយតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ ពោលគឺជិត ២៩ឆ្នាំមកហើយ ដែលស្មារតីនេះនៅតែបន្តយ៉ាងសកម្ម។
អ្នកស្រី ណាវី បានរៀបរាប់ថា៖ «កាលពីខ្ញុំចូលរួមជាមួយសាលាទន្សាយដំបូង មានតែរូបខ្ញុំ លោក ហ៊ុន ទូច (ស្ថាបនិក និងជាអតីតនាយកអង្គការសាលាទន្សាយ) និងលោកគ្រូអ្នកគ្រូមួយចំនួនតូចប៉ុណ្ណោះដែលមកបង្រៀននៅទីនេះ»។
អ្នកស្រី ណាវី បានបង្រៀននៅអង្គការសាលាទន្សាយតាំងពីដើមដំបូងមកម្ល៉េះ។ អ្នកស្រីបានចែករំលែកថា កាលពីពេលនោះ សាលាទន្សាយគ្រាន់តែជាផ្នែកតូចមួយនៃមណ្ឌលកុមារកំព្រារបស់រដ្ឋប៉ុណ្ណោះ។ អ្នកស្រីបានកត់សម្គាល់ឃើញពីរបៀបដែលកុមារមានពិការភាពត្រូវបានសង្គមរើសអើង ពោលគឺគ្មានសាលារៀន គ្មានថ្នាក់រៀន និងគ្មានគ្រូបង្រៀនណាហ៊ានទទួលស្វាគមន៍ពួកគេឡើយ។ មិនត្រឹមតែមានការរើសអើងយ៉ាងធ្ងន់ធ្ងរចំពោះកុមារទាំងនេះប៉ុណ្ណោះទេ ថែមទាំងមានគ្រូបង្រៀនឯកទេសខាងការអប់រំបរិយាបន្ននៅកម្ពុជាតិចតួចបំផុតផងដែរ។ អ្នកស្រីមានក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះពួកគេ មានអារម្មណ៍សង្វេគចំពោះស្ថានភាពរបស់ពួកគេយ៉ាងខ្លាំង និងបានសម្រេចចិត្តបន្តរួមរស់ជាមួយអង្គការសាលាទន្សាយចាប់តាំងពីពេលនោះមក។
អ្នកស្រីបានចែករំលែក ដោយរំលឹកពីការចងចាំអំពីថ្នាក់រៀនសមាហរណកម្មដំបូងបង្អស់របស់សាលាទន្សាយនៅក្នុងសាលារដ្ឋថា៖ «កាលណោះ ខ្ញុំបានឃើញផ្ទាល់ភ្នែកពីរបៀបដែលកុមារទាំងនោះត្រូវបានគេប្រព្រឹត្តដាក់។ គេតែងតែចាត់ទុកពួកគេថាជាមនុស្សឆ្កួត ល្ងង់ និងមានកាយសម្បទាមិនគ្រប់គ្រាន់។ អ្នកខ្លះថែមទាំងចោទប្រកាន់ថា សិស្សរបស់យើងត្រូវបណ្តាសា ហើយខ្លាចបណ្តាសានេះឆ្លងដល់កូនៗរបស់ពួកគេទៀតផង។ វាជារឿងដ៏គួរឱ្យរន្ធត់ណាស់»។
សូម្បីតែអ្នកស្រីផ្ទាល់ ដែលជាគ្រូបង្រៀន ក៏មិនអាចគេចផុតពីការរើសអើងទាំងនោះដែរ។ អ្នកស្រីទទួលរងនូវការរិះគន់ពីមនុស្សមួយចំនួនដែលបាននិយាយថា៖ «គ្រូដែលបង្រៀនក្មេងឆ្កួតទាំងនោះ ច្បាស់ជាឆ្កួតដែរហើយ»។ អ្នកស្រីរំលឹកថា អ្នកខ្លះមិនហ៊ានសូម្បីតែប៉ះពាល់គ្រូបង្រៀន ឬសិស្សឡើយ។ ពួកគេឈរនៅឆ្ងាយ ច្រត់ចង្កេះ សម្លឹងមើលតាំងពីក្បាលដល់ចុងជើងដោយក្តីខ្ពើមរអើមបំផុត។
ទោះបីជាជួបប្រទះរឿងរ៉ាវទាំងអស់នេះក៏ដោយ ក៏អ្នកស្រីនៅតែសម្រេចចិត្តនៅជាមួយអង្គការសាលាទន្សាយ ដោយលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបង្រៀនកុមារដែលមានពិការភាពផ្នែកបញ្ញា និងអូទីស្សឹម។
អ្នកស្រីមានប្រសាសន៍បណ្តើរ អួលដើមក និងស្រក់ទឹកភ្នែកបណ្តើរថា៖ «ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែបន្តផ្ទេរចំណេះដឹងដែលពិបាករកនេះទៅកាន់ជំនាន់ក្រោយ។ ខ្ញុំក្តាប់នូវចំណេះដឹងទាំងនេះ ហើយខ្ញុំចែករំលែកវាដោយឥតគិតថ្លៃដល់គ្រូបង្រៀនវ័យក្មេង ដើម្បីឱ្យពួកគេអាចឈរយ៉ាងរឹងមាំដូចខ្ញុំ ព្រមទាំងមានសមត្ថភាពការពារ និងបង្រៀនកុមារជំនាន់ក្រោយ។ នេះគឺជាបេះដូង និងព្រលឹងរបស់ខ្ញុំ។ សាលាទន្សាយគឺជាផ្ទះទីមួយរបស់ខ្ញុំ ហើយខ្ញុំបដិសេធមិនចាកចេញឡើយ»។
អ្នកស្រី ណាវី បានលះបង់ពេលវេលាជិត ២៩ឆ្នាំនៃជីវិតរបស់អ្នកស្រី ដើម្បីអង្គការសាលាទន្សាយ។ អ្នកស្រីបានឆ្លងកាត់នូវភាពលំបាកលំបិន ឧបសគ្គរាប់មិនអស់ និងដំណើរដ៏សែនលំបាកបំផុតរួមគ្នាជាមួយសាលាមួយនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «បំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំគឺ ចង់ឃើញលោកគ្រូអ្នកគ្រូមិនបោះបង់ការតស៊ូក្នុងការស្វែងរកវិធីសាស្ត្របង្រៀនថ្មីៗ ដោយបង្កើតផ្លូវសម្រាប់កុមារទាំងនេះឱ្យចេះនូវជំនាញជីវិតជាមូលដ្ឋាន។ ទោះបីជាពួកគេមិនអាចរៀនសូត្រដូចក្មេងទូទៅក៏ដោយ ក៏ពួកគេអាចរៀននិយាយ រៀនទំនាក់ទំនង និងចូលរួមក្នុងសង្គមបាន។ ខ្ញុំចង់ឃើញពួកគេអាចដើរហើរយ៉ាងសេរីនៅក្នុងសង្គមដូចអ្នកដទៃដែរ»។
អ្នកស្រីយល់សប្តិចង់ឃើញសាលាទន្សាយមានការរីកចម្រើន ដោយអាចសាងសង់ថ្នាក់រៀនបានគ្រប់គ្រាន់ ដើម្បីកុំឱ្យមានកុមារណាម្នាក់ត្រូវបានគេបដិសេធទៀត។ នៅមានកុមារមានពិការភាពជាច្រើនទៀតដែលកំពុងរង់ចាំឱកាសរបស់ពួកគេ ប៉ុន្តែសាលារៀននៅខ្វះខាតបន្ទប់ដើម្បីទទួលពួកគេនៅឡើយ។
«សាលាទន្សាយគឺជាកន្លែងដែលកុមារដែលគេបោះបង់ចោល រៀនសូត្រដើម្បីអភិវឌ្ឍខ្លួន។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់កុមារដែលមានពិការភាពផ្នែកបញ្ញា និងអូទីស្សឹមទាំងនេះ ទ្វាររបស់យើងគឺតែងតែបើកចំហជានិច្ច។»